ក្រុមហ៊ុនចម្រាញ់ប្រេងចិន Sinopec ទិញភាគហ៊ុនក្រុមហ៊ុនលក់រាយប្រេងថៃ

ក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋរបស់ចិន Sinopec Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមហ៊ុនបុត្រសម្ព័ន្ធហុងកុងរបស់ខ្លួនបានទិញភាគហ៊ុន ៤៩ភាគរយនៅក្នុងក្រុមហ៊ុន Susco Dealers Company Limited របស់ប្រទេសថៃដើម្បីពង្រីកអាជីវកម្មលក់រាយប្រេងឥន្ធនៈនៅទីនោះ។ Sinopec បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគដោយក្រុមហ៊ុន Sinopec Hongkong Co Ltd រួមបញ្ចូលគ្នានូវមូលដ្ឋានផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់រោងចក្រចម្រាញ់ប្រេងរបស់ចិន និងម៉ាកយីហោរបស់ខ្លួនជាមួយនឹងបណ្តាញលក់រាយរបស់ក្រុមហ៊ុនថៃ ដោយមិនបានផ្តល់នូវព័ត៌មានលម្អិតអំពីទំហំនៃការវិនិយោគនោះទេ។ ក្រុមហ៊ុននៃក៏បានបន្ថែមថា ការបណ្តាក់ទុនរួមគ្នានេះក៏នឹងស្វែងយល់ពីការអភិវឌ្ឍន៍ទៅជាអាជីវកម្មដែលមានកាបូនទាប និងថាមពលថ្មី ដូចជារថយន្តអគ្គិសនី ឥន្ធនៈអ៊ីដ្រូសែន និងជីវឥន្ធនៈ។ ក្រុមហ៊ុន Sinopec Hongkong គឺជាក្រុមហ៊ុនផ្គត់ផ្គង់ និងជួញដូរផលិតផលប្រេងចម្រាញ់នៅក្នុងទីក្រុងហុងកុង និងទីផ្សារអាស៊ីប៉ាស៊ីហ្វិកក្បែរនោះ ខណៈអង្គភាពនៃក្រុមហ៊ុនលក់ដុំ និងលក់រាយប្រេងឥន្ធនៈ Susco Public Company Ltd, Susco Dealer មានឯកទេសក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃ រួមទាំងការបញ្ចូលប្រេងយន្តហោះនៅអាកាសយានដ្ឋានសំខាន់ៗរបស់ខ្លួន៕